២ ពង្សា‌វតារ‌ក្សត្រ 15:9-15 KHSV

9 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ​ដែរ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

10 គ្រា​នោះ លោក​សាលូម ជា​កូន​របស់​លោក​យ៉ាបេស បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។

11 រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​សាការី​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

12 ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បួន​តំណ»។

13 ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្ជកាល​ព្រះ‌បាទ​អូស្យ៉ាស ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។

14 លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

15 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្ដេច​រៀប‌ចំ​ប្រឆាំង​នឹង​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។