15 ព្រះបាទអហាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្ដេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ត្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញ ទុកឲ្យយើងចាត់ចែងចុះ»។
16 លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។
17 ព្រះបាទអហាសបានកម្ទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។
18 ព្រះបាទអហាសបានរើថែវសប្ប័ទ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចេញ ដើម្បីផ្គាប់ព្រះហឫទ័យស្ដេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងព្រះដំណាក់ និងថែវច្រកចូលរបស់ស្ដេចដែលនៅខាងក្រៅ។
19 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
20 ព្រះបាទអហាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។