9 ស្ដេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអហាស។ ស្ដេចយាងទៅវាយក្រុងដាម៉ាស ដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។
10 ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
11 លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
12 កាលស្ដេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ទ្រង់ក៏យាងឡើងទៅអាសនៈ
13 រួចថ្វាយតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្ដេចថ្វាយជាយញ្ញបូជាមេត្រីភាពផង។
14 រីឯអាសនៈធ្វើពីលង្ហិន ដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្ដេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
15 ព្រះបាទអហាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្ដេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ត្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញ ទុកឲ្យយើងចាត់ចែងចុះ»។