12 ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។
13 ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
14 ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
15 ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
16 ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។
17 ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
18 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។