18 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
19 រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។
20 ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
21 កាលព្រះអម្ចាស់ផ្ដាច់ជនជាតិអ៊ីស្រាអែលចេញពីរាជវង្សរបស់ព្រះបាទដាវីឌ ជនជាតិអ៊ីស្រាអែលបានតែងតាំងព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឡើងជាស្ដេច។ ព្រះបាទយេរ៉ូបោមបានអូសទាញជនជាតិអ៊ីស្រាអែលឲ្យឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រមទាំងនាំពួកគេឲ្យប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទៀតផង។
22 កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទយេរ៉ូបោមបានប្រព្រឹត្ត គឺពួកគេពុំបានងាកចេញពីអំពើទាំងនោះឡើយ។
23 ហេតុនេះ ព្រះអម្ចាស់បណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងតាមរយៈព្យាការីទាំងអស់ ជាអ្នកបម្រើរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
24 ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។