2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំអាចប្រៀបស្មើនឹងស្ដេចអ៊ីស្រាអែលមុនៗទេ។
3 គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។
4 ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីជ្រាបថា ព្រះបាទហូស៊ាមានគំនិតក្បត់ ដ្បិតព្រះបាទហូស៊ាចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅសូ ជាស្ដេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅថ្វាយស្ដេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្ដេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងព្រះបាទហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។
5 បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។
6 នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្ដេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
7 ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
8 ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។