24 ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
25 នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសិង្ហឲ្យមកប្រហារពួកគេ។
26 មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
27 ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
28 ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។
29 ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30 អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។