២ ពង្សា‌វតារ‌ក្សត្រ 17:25-31 KHSV

25 នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

26 មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ព្រះ‌ករុណា​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​សា‌ម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

27 ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជា‌ចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

28 ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

29 ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

30 អ្នក​ក្រុង​បាប៊ី‌ឡូន​ធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា។

31 អ្នក​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។