26 មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
27 ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
28 ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។
29 ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30 អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។
31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
32 ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។