២ ពង្សា‌វតារ‌ក្សត្រ 17:34-40 KHSV

34 រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល។

35 ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បម្រើ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។

36 ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។

37 រីឯ​បញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អង្គ​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។

38 កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។

39 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។

40 ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។