6 នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្ដេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
7 ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
8 ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។
9 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។
10 ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
11 នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
12 ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។