២ ពង្សា‌វតារ‌ក្សត្រ 18:17-23 KHSV

17 ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ

18 ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។

19 មេ‌ទ័ព​របស់​ព្រះចៅ​រ៉ាប់សា‌កេ​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះ‌បាទ​ហេ‌សេគា​ដូច​ត​ទៅ: ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា “តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​អ្វី​បាន​ជា​មាន​ព្រះ‌ហឫទ័យ​អង់‌អាច​បែប​នេះ?

20 តើ​ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

21 ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

22 ព្រះ‌ករុណា​ប្រហែល​ជាមាន​រាជ‌ឱង្ការ​ថា “យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ តើ​ព្រះ‌ករុណា​ពុំ​បាន​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?”

23 ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!