6 ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
7 ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
8 ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។
9 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។
10 កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
11 ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
12 ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។