២ ពង្សា‌វតារ‌ក្សត្រ 18:7-13 KHSV

7 ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ស្ដេច ដូច្នេះ ស្ដេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ។ ព្រះ‌បាទ​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្ដេច​នោះ។

8 ស្ដេច​បាន​វាយ​យក​ស្រុក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

9 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

10 កង‌ទ័ព​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។

11 ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រា‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។

12 ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

13 នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។