1 កាលព្រះបាទហេសេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
2 ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។
3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។
4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។