២ ពង្សា‌វតារ‌ក្សត្រ 19:20-26 KHSV

20 ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូល‌អង្វរ​យើង​ស្ដី​អំពី​សាន‌ហេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:សាន‌ហេរីប​អើយក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារីប្រមាថ​មើល‌ងាយ​អ្នកអ្នក​ក្រុង​យេរូ‌សាឡឹម​គ្រវី​ក្បាល ចំអក​ឲ្យ​អ្នក។

22 តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធ*របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!

23 អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នកឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា:ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើនអញ​ឡើង​ទៅ​លើ​កំពូល​ភ្នំអញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗអញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូលហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

24 អញ​បាន​ជីក​អណ្ដូងហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីលនោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

25 សាន‌ហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថាយើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេចដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

26 អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាលឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការនិង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅមុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។