29 ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ អ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយ អ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
30 អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
31 ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។
32 ចំពោះស្ដេចអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។
33 ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
34 យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើងដែរ»។
35 នៅយប់នោះ ទេវតា*របស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។