12 កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ
13 រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។
14 លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលលោកវាយទឹក ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។
15 ក្រុមព្យាការីដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ឋិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក
16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមលោកអនុញ្ញាតឲ្យគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
17 ប៉ុន្តែ ដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។
18 អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេ ដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។