13 រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។
14 លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលលោកវាយទឹក ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។
15 ក្រុមព្យាការីដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ឋិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក
16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមលោកអនុញ្ញាតឲ្យគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
17 ប៉ុន្តែ ដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។
18 អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេ ដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។
19 អ្នកក្រុងយេរីខូជម្រាបលោកអេលីសេថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះ ដីមិនបង្កើតភោគផលឡើយ»។