16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមលោកអនុញ្ញាតឲ្យគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
17 ប៉ុន្តែ ដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។
18 អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេ ដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។
19 អ្នកក្រុងយេរីខូជម្រាបលោកអេលីសេថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះ ដីមិនបង្កើតភោគផលឡើយ»។
20 លោកមានប្រសាសន៍ថា៖ «ចូរទៅយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង!»។ គេក៏ទៅយកមកជូនលោក។
21 លោកចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹក ទាំងមានប្រសាសន៍ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
22 ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលលោកអេលីសេបានថ្លែង។