3 មានព្យាការីមួយក្រុមនៅបេតអែលចេញមកជួបលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះ ព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
4 លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។
5 មានព្យាការីមួយក្រុមនៅក្រុងយេរីខូនាំគ្នាមកជិតលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
6 លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។
7 មានព្យាការីហាសិបនាក់ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។
8 ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។
9 កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលព្រះអម្ចាស់ លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឲ្យវិញ្ញាណដែលស្ថិតនៅលើលោក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។