២ ពង្សា‌វតារ‌ក្សត្រ 20:13-19 KHSV

13 ព្រះ‌បាទ​ហេ‌សេគា​ទទួល​រាជ‌ទូត​ស្រុក​បាប៊ី‌ឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះ‌បាទ​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។

14 បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​ហេ‌សេគា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។

15 លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម​រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

16 ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច​ត​ទៅ:

17 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះ‌ករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌ករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

18 គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​ព្រះ‌ករុណា​យក​ទៅ​ធ្វើ​ជា​មហា‌តលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។

19 ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។