9 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖
11 «ម៉ាណាសេ ជាស្ដេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរី កាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13 យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
14 យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
15 ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើឲ្យយើងក្រេវក្រោធ តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។