11 កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្ដេចក៏ហែកព្រះភូសា។
12 បន្ទាប់មក ទ្រង់បញ្ជាទៅលោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ា ជារាជបម្រើថា៖
13 «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។
14 លោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ា នាំគ្នាទៅជួបព្យាការិនីហ៊ូលដា ជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្រុងយេរូសាឡឹម។ កាលរាជបម្រើទាំងនោះរៀបរាប់ប្រាប់នាងចប់សព្វគ្រប់ហើយ
15 នាងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា
16 ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមសេចក្ដីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរដែលស្ដេចស្រុកយូដាបានអាន។
17 ដោយពួកគេបានបោះបង់ចោលយើងហើយ ដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”