14 លោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ា នាំគ្នាទៅជួបព្យាការិនីហ៊ូលដា ជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្រុងយេរូសាឡឹម។ កាលរាជបម្រើទាំងនោះរៀបរាប់ប្រាប់នាងចប់សព្វគ្រប់ហើយ
15 នាងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា
16 ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមសេចក្ដីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរដែលស្ដេចស្រុកយូដាបានអាន។
17 ដោយពួកគេបានបោះបង់ចោលយើងហើយ ដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
18 ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។
19 ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្ដាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
20 ហេតុនេះហើយបានជាយើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ រាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។