២ ពង្សា‌វតារ‌ក្សត្រ 22:3-9 KHSV

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

4 «ចូរ​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា សុំ​ឲ្យ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជា‌ជន។

5 ចូរ​ឲ្យ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួស‌ជុល​ព្រះ‌ដំណាក់

6 គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សម្រាប់​ទិញ​ឈើ ថ្ម‌ដាប់ ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់។

7 ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​ឲ្យ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។

8 ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គី‌យ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។

9 បន្ទាប់​មក លោក​សាផាន ជា​ស្មៀន​ហ្លួង ក៏​វិល​មក​គាល់​ស្ដេច​វិញ ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​តង្វាយ​ដែល​ប្រមូល​នៅ​ក្នុង​ព្រះ‌ដំណាក់ ទៅ​ឲ្យ​ពួក​មេ​ជាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ហើយ»។