4 «ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
5 ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលព្រះដំណាក់
6 គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលព្រះដំណាក់។
7 ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។
8 ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
9 បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។
10 លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយក្បាលឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។