២ ពង្សា‌វតារ‌ក្សត្រ 23:14-20 KHSV

14 ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15 ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។

16 ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។

17 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

18 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

19 កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។

20 ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។