២ ពង្សា‌វតារ‌ក្សត្រ 23:17-23 KHSV

17 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

18 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

19 កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។

20 ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

21 ព្រះ‌រាជា​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។

22 តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។

23 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។