20 ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21 ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុក ក្នុងគម្ពីរសម្ពន្ធមេត្រី»។
22 តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្ដេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។
23 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
24 ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ា បានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25 កាលពីមុន ពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមក ក៏គ្មានដែរ។
26 ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។