២ ពង្សា‌វតារ‌ក្សត្រ 23:3-9 KHSV

3 ព្រះ‌រាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។

4 ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។

5 ស្ដេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

6 ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។

7 ព្រះ‌បាទ​យ៉ូសៀស​កម្ទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ថ្វាយ​ព្រះ‌អាសេ‌រ៉ា​ដែរ។

8 ស្ដេច​កោះ​ហៅ​បូជា‌ចារ្យ​ទាំង​អស់​ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​បូជា‌ចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។

9 ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។