២ ពង្សា‌វតារ‌ក្សត្រ 23:30-36 KHSV

30 ពួក​នាយ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​ជ្រើស​រើស​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស មក​ចាក់​ប្រេង​អភិ‌សេក​ឲ្យ​ស្នង​រាជ្យ​បិតា។

31 កាល​ព្រះ‌បាទ​អាហាស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ‌រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ហា‌មូថាល ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

32 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

33 ព្រះ‌ចៅ​ផារ៉ោន​នេកោ​ចាប់​ព្រះ‌បាទ​យ៉ូអា‌ហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្ដេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ព្រះ‌ចៅ​ផារ៉ោន​នេកោ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។

34 ព្រះចៅ​ផារ៉ោន​នេកោ​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

35 ព្រះ‌បាទ​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន​នេកោ។

36 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ា។