34 ព្រះចៅផារ៉ោននេកោតែងតាំងព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យស្នងរាជ្យបិតា ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅផារ៉ោននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយទ្រង់ក៏សោយទិវង្គតនៅទីនោះ។
35 ព្រះបាទយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្ដេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្ដេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកោ។
36 កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។
37 ព្រះបាទយេហូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។