9 ពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅថ្វាយយញ្ញបូជានៅលើអាសនៈរបស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេជាមួយបូជាចារ្យដទៃទៀតបាន។
10 ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រលងភ្នំហ៊ិនណម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។
11 ព្រះបាទយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្ដេចស្រុកយូដាធ្វើថ្វាយព្រះអាទិត្យ ចេញពីមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលិកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្ដេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
12 ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
13 ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
14 ស្ដេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15 ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។