២ ពង្សា‌វតារ‌ក្សត្រ 24:1-6 KHSV

1 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះ‌បាទ​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្ដេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះ‌បាទ​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

2 គ្រា​នោះ​ព្រះ‌អម្ចាស់​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន‌ជាតិ​ខាល់ដេ ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម។ ព្រះ‌អង្គ​ចាត់​ពួក​គេ​ឲ្យ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

3 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត

4 ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​អត់‌ទោស​ឲ្យ​ឡើយ។

5 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

6 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។