1 ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
2 គ្រានោះព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។
3 ព្រះអម្ចាស់ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្ដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត
4 ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
5 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
6 កាលព្រះបាទយេហូយ៉ាគីមសោយទិវង្គត ព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យ។
7 ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។