២ ពង្សា‌វតារ‌ក្សត្រ 24:13-19 KHSV

13 ស្ដេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កម្ទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះ‌បាទ​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

14 ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។

15 ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

16 ស្ដេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ‌ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។

17 ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​សម្ដេច​ម៉ាថា‌នា ជា​ព្រះ‌បិតុលា​របស់​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះ‌បាទ​សេដេ‌គា។

18 ពេល​ព្រះ‌បាទ​សេ‌ដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។

19 ព្រះ‌បាទ​សេ‌ដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។