២ ពង្សា‌វតារ‌ក្សត្រ 24:3-9 KHSV

3 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត

4 ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​អត់‌ទោស​ឲ្យ​ឡើយ។

5 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

6 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

7 ស្ដេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។

8 កាល​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់‌ប្រាំ‌បី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។

9 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។