4 ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
5 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
6 កាលព្រះបាទយេហូយ៉ាគីមសោយទិវង្គត ព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យ។
7 ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
8 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
9 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។
10 នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។