7 ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
8 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
9 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។
10 នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។
11 ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។
12 ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
13 ស្ដេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ទ្រង់វាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។