1 ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
2 ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា។
3 នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
4 ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5 កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។
6 ពួកគេក៏ចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគា។
7 គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។