២ ពង្សា‌វតារ‌ក្សត្រ 25:14-20 KHSV

14 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

15 លោក​រាជ‌ប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

16 រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

17 សសរ​ទី​មួយ​មាន​កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​បី​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡា‌អួន ក៏​ដូច​គ្នា​ដែរ។

18 លោក​រាជ‌ប្រតិភូ​បាន​ចាប់​លោក​មហា​បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នា​ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូប យក​ទៅ​ជា​មួយ។

19 លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

20 លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន នៅ​ក្រុង​រីបឡា។