15 លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ ទៅជាមួយដែរ។
16 រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
17 សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់បីហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡាអួន ក៏ដូចគ្នាដែរ។
18 លោករាជប្រតិភូបានចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីរូប យកទៅជាមួយ។
19 លោកក៏ចាប់មហាតលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
20 លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ចាប់អ្នកទាំងនោះនាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូន នៅក្រុងរីបឡា។
21 ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។