25 នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។
26 ពេលនោះ ប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជនជាតិខាល់ដេ។
27 នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាកដោះលែងព្រះបាទយ៉ូយ៉ាគីន ឲ្យមានសេរីភាព។
28 ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។
29 ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់អស់ព្រះជន្ម។
30 ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។