២ ពង្សា‌វតារ‌ក្សត្រ 25:5-11 KHSV

5 កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។

6 ពួក​គេ​ក៏​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេ‌ដេគា។

7 គេ​បាន​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេ‌ដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេ‌ដេ‌គា។ បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេ‌ដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់ នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

8 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

9 លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។

10 កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ‌ប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ចោល​ដែរ។

11 លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់ ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្ដា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។