7 គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។
8 នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ដែលបម្រើស្ដេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។
9 លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
10 កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
11 លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
12 ប៉ុន្តែ លោករាជប្រតិភូទុកឲ្យប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
13 ជនជាតិខាល់ដេកម្ទេចសសរលង្ហិន នៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ីឡូន។