២ ពង្សា‌វតារ‌ក្សត្រ 3:1-7 KHSV

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី បាន​ដប់‌ពីរ​ឆ្នាំ។

2 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​ស្មើ​មាតា‌បិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។

3 ប៉ុន្តែ ស្ដេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

4 ព្រះ‌បាទ​មេសា ជា​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង​រាល់​ឆ្នាំ ស្ដេច​តែងតែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

5 ក្រោយ​ពេល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ផុត​ទៅ ស្ដេច​ស្រុក​ម៉ូអាប់​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

6 ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល។

7 បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះ‌ករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះ‌ករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌ករុណា​ដែរ»។