២ ពង្សា‌វតារ‌ក្សត្រ 4:14-20 KHSV

14 លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

15 លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។

16 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

17 ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។

18 កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។

19 ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។

20 អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។