18 កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។
19 ស្រាប់តែក្មេងនោះប្រាប់ឪពុកថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ ឪពុកស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្ដាយវាឆាប់ឡើង!»។
20 អ្នកបម្រើបីក្មេងនោះយកទៅប្រគល់ឲ្យម្ដាយ។ កូននោះដេកលើភ្លៅម្ដាយរហូតដល់ថ្ងៃត្រង់ រួចក៏ស្លាប់ទៅ។
21 នាងបីកូនឡើងទៅក្នុងបន្ទប់លោកអេលីសេ នាងផ្ដេកកូននៅលើគ្រែរបស់លោក រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ
22 ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចខ្ញុំវិលមកវិញ»។
23 ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះលោកនៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃសប្ប័ទ*ទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
24 នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។