24 នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។
25 នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
26 ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។
27 កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
28 នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
29 លោកអេលីសេមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នក កុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
30 ប៉ុន្តែ ម្ដាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ លោកអេលីសេក្រោកឡើង ដើរតាមនាងទៅ។